គ្រូបង្រៀនក្មេងជាងគេបំផុតលើលោក!
ស្ថិតក្នុងវ័យដែលកុមារដទៃសប្បាយរត់លេងជាមួយមិត្តភក្តិ លេងល្បែងក្មេងៗ Adora Lily Svitak បានចំណាយកុមារភាពរបស់នាងជាមួយគំនរសៀវភៅ និងការតាក់តែងនិពន្ធ និងការបង្រៀន ក្នុងវ័យដ៏ក្មេងខ្ចី។ កាលពីឆ្នាំ២០១០ Adora Lily Svitak ត្រូវបានសន្និសីទ TED Conference ចាត់ទុកថា ជាគ្រូបង្រៀនក្មេងជាងគេបំផុតក្នុងលោក។ Adora ចាប់កំណើតនៅថ្ងៃទី ១៥ តុលា ឆ្នាំ ១៩៩៧ ក្នុងសហរដ្ឋអាមេរិក។
នាងត្រូវបានទទួលការចាប់អារម្មណ៍តាំងពីមានអាយុ ៦ឆ្នាំមកម្ល៉េះ ដែលកាលនោះឈ្មោះនាងត្រូវបានផ្សព្វផ្សាយក្នុងសារព័ត៌មានមួយក្នុងរដ្ឋ Seattle ពីសមត្ថភាពសរសេរដ៏អស្ចារ្យរបស់នាង។ បន្ទាប់មក នៅពេលដែលនាងឈានដល់អាយុ៧ឆ្នាំ នាងបានក្លាយជាចំណាប់ពីសំណាក់ប្រជាជនអាមេរិកនៅពេលដែលនាងលេចមុខក្នុងកម្មវិធី Good Morning America របស់ពិធីករ Diane Sawyer ហើយនៅក្នុងវ័យនេះដែរ នាងចាប់ផ្ដើមធ្វើជាគ្រូបង្រៀន។ សៀវភៅដំបូង របស់នាងក្រោមចំណងជើងថា Flying Fingers ដែលចុះផ្សាយក្នុងកម្មវិធីនោះបានសរសេរពិពណ៌នាពីការស្រឡាញ់ចូលចិត្តភាសា ការសរសេរ និងបានរៀបរាប់អំពីគន្លឹះមួយចំនួនដើម្បីក្លាយខ្លួនជាអ្នកនិពន្ធដ៏ពូកែម្នាក់។
បើយោងតាម Daily Telegraph បង្ហាញថា នៅអាយុបីឆ្នាំ Adora ចេះអានអក្សរ ហើយបើនិយាយពីល្បឿនវាយអក្សរវិញ គឺអាចវាយបានពី ៨០ ទៅ១១២ ពាក្យក្នុងមួយនាទី។ ក្នុងមួយថ្ងៃ Adora អានសៀវភៅពី២ទៅ៣ក្បាល។
គ្រូបង្រៀននិងអ្នកនិពន្ធវ័យក្មេងបំផុតម្នាក់នេះ ធ្លាប់បានទៅធ្វើបទបង្ហាញនៅប្រទេសជាច្រើនដូចជា នៅប្រទេសចិន ហុងកុង វៀតណាម និងអង់គ្លេសជាដើម បើសរុបទៅជាង៣០០សាលា ។
នៅឆ្នាំ ២០០៥ នាងចាប់ផ្ដើមបង្កើតប្លុកផ្ទាល់ខ្លួនដែលសរសេររៀបរាប់ពីទិនានុប្បវត្តិ online ស្ដីអំពីប្រធានបទសំខាន់ៗសម្រាប់អន្តរជាតិ និងចំណាប់អារម្មណ៍ផ្ទាល់ខ្លួន។ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០០៥ នាងបានព្យាយាមលើកកម្ពស់ អក្សរសាស្ត្រ ការអាន និងសរសេរ និងបានបង្រៀនដល់ ហ្វូងមនុស្សជាច្រើននាក់នៅក្នុងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស មិនថាជាសិស្សក្មេងៗ ឬមនុស្សចាស់នោះឡើយ។
នៅខែមករា ឆ្នាំ ២០០៧ Adora បានបញ្ចប់ប្រលោមលោកខ្នាតវែងរបស់នាង ដែលមានចំណងជើងថា Yang in Disguise និងបានក្លាយខ្លួនជាវាគ្មិនដ៏ពូកែជាងគេក្នុងការប្រកួតអាន Verizon Reads campaign និងកែសម្រួលប្រលោមលោកខ្នាតខ្លីដែលមានចំណងជើងថា The Pickpocket Princess។
មិនយូរប៉ុន្មានបន្ទាប់ពីនោះ នាងបានបញ្ចប់សៀវភៅទីពីរដែលមានចំណងជើងថា Dancing Fingers ដែលជាការនិពន្ធរួមគ្នានឹងបងស្រីរបស់នាង Adrianna ដែលជាតន្ត្រីករ។ លើសពីនេះទៅទៀត នៅខែមករាឆ្នាំ ២០០៩ នាងបានបង្ហាញខ្លួនក្នុងភាពយន្តឯកសាររបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៤ អាមេរិកដែលមានចំណងជើងថា The World’s Cleverest Child and Me (កុមារដែលវ័យឆ្លាតជាងគេក្នុងលោក និងខ្ញុំ) របស់ពិធីករ Mark Dolan។
ខែកុម្ភៈ ២០១០ Adora ត្រូវបានអញ្ជើញទៅថ្លែងក្នុងសន្និសីទ TED Conference អំពីការវិវត្តន៍របស់ក្មេង ដែលនាងបានសង្កត់ធ្ងន់ថា ក្រៅពីបង្រៀនដល់ក្មេងៗ ក្នុងនាមជាគ្រូត្រូវរៀនពីសកម្មភាពរបស់ក្មេងកាន់តែច្រើនកាន់តែប្រសើរ ព្រោះការគិតរបស់ក្មេងអាចខុសប្លែកពីមនុស្សចាស់។
ចុងក្រោយនៅថ្ងៃទី ១៩ តុលា ២០១០ នាងបានចែករំលែកបទពិសោធន៍របស់នាងដល់និស្សិតមកពីសាកលវិទ្យាល័យ Full Sail ពីគំនិតច្នៃប្រឌិតក្នុងការសិក្សារៀនសូត្រ។ សព្វថ្ងៃ ក្រៅពីមានតួនាទីគ្រូបង្រៀនដល់កុមារ នាងបានបង្រៀនដល់គ្រូចាស់ៗជាច្រើនពីវិធីបង្រៀនប្រកបដោយប្រសិទ្ធភាព៕
